អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌចុះពិនិត្យ យានដ្ឋានជួសជុលកែច្នៃខុសបច្ចេកទេស

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់ស្ថាប័ន អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពិសេសអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់ចូលរួមដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមជំនាញ នឹងផ្នែករៀងៗខ្លួន និងត្រូវចុះពិនិត្យយានដ្ឋានជួសជុលកែច្នៃទាំងអស់ទៅតាមផ្លូវច្បាប់ បើរកឃើញថាខុសបច្ចេកទេស ហើយអត់ច្បាប់ត្រូវតែបិទ។

ការថ្លែងបែបនេះ ធ្វើឡើងនាកិច្ចប្រជុំរៀបចំសន្ដិសុខ សណ្ដាប់ឆ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ជាងនេះទៅទៀត ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរត្រួតពិនិត្យការចរាចរណ៍ចេញចូលរបស់រថយន្តធុនធ្ងន់ ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយឱ្យបានខ្ពស់បំផុតនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងការរៀបចំសណ្ដាប់ឆ្នាប់តាមមហាវិថី វិថីទាំង១១ខ្សែ អោយបានម៊ឺងម៉ាត់ម៉ត់ចត់តឹងរ៉ឹងបំផុត នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះរថយន្តទាំងឡាយណា ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសច្បាប់ និងមិនគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបើកបរខុសពេលវេលា តម្រាយផ្លូវជាដើម៕

រូបភាព៖រដ្ឋបាលរាជធានីភ្នំពេញ