ជនសង្ស័យម្នាក់ធ្វើសកម្មភាពគាស់ឃ្លាំងបម្រុងលួចទ្រព្យសម្បត្តិគេមិនសម្រេច ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន

53

ដោយ៖ អែល វិចិត្រ
ភ្នំពេញ៖ ជនសង្ស័យធ្វើសកម្មភាពគាស់ឃ្លាំងមួយកន្លែង បម្រុងលួចទ្រព្យសម្បត្តិតែមិនសម្រេចត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកចុះទៅធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅឃ្លាំងលេខ ១៨៦ ផ្លូវមុន្នីរ៉េត ក្រុមទី២៦ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ផន អូន នាយនគរបាលប៉ុស្តិ៍ទំនប់ទឹក បានប្រាប់បច្ចុប្បន្នភាព TDNews ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន ឆវី អាយុ ២៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ ជន ចន្ទ័ផានិត ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីនគរបាល។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន គម្របលូដែក១ មានទំហំ៥តឹកបួនជ្រុង ដកហូតពីជនសង្ស័យប្រគល់ឲ្យជនរងគ្រោះ, សោរចំនួន៤, កាំបិតបុង័តោចំនួន១ កូនកាំបិតចំនួន៣ ដង្កាប់ចំនួន២ ទុរឺវីសចំនួន១ និងស្រយ៉ូបសោ ។

មុនពេលកើតហេតុ ជនរងគ្រោះបានដាក់សោរឃ្លាំងទំនេរ រួចជិះម៉ូតូទៅផ្ទះរបស់ខ្លួននៅម្តុំពោធិ៍ចិនតុង ស្រាប់តែជនសង្ស័យបានដើរមកធ្វើសកម្មភាពគាស់ទ្វាឃ្លាំងបានសម្រេច រួចចូលលួចសម្ភារៈជាគម្របលូដែកថ្មី ទម្ងន់ប្រហែល៤០គីឡូដែលទុកក្នុងឃ្លាំងក្បែរទ្វារលើកយកមកក្រៅ តែក៏ត្រូវជនរងគ្រោះមកទាន់ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមច្បាប់បន្តទៀត៕