ក្រសួងការបរទេសកម្ពុជាផ្សព្វផ្សាយជំនួបរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃពុធ ១៤ រោច ខែមាឃឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្សព្វផ្សាយពីជំនួបរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា ដែលជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រសួងការបរទេសបញ្ជាក់ថា នៅក្នុងឱកាសនៃការចូលជួបសម្ដែងការគួរសមរបស់លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសំដែងការពេញចិត្តចំពោះការវិវឌ្ឍដ៏ល្អប្រសើរ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការទូលំទូលាយ និងស្ថេរភាពស្ថិតស្ថេរយូរលង់”។ លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងរយៈកាលបីឆ្នាំកន្លងមកនេះ ដែលបានបង្ហាញឲ្យឃើញអំពីភាពជិតស្និទ្ធ និងទំនាក់ទំនងដ៏ល្អប្រសើរ រវាងកម្ពុជា និងវៀតណាម។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីការរួមចំណែកដ៏សកម្មរបស់ឯកអគ្គរដ្ឋទូតវៀតណាមមុននេះ ក្នុងការលើកស្ទួយនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ លោកបានបង្ហាញជំនឿជាក់ថា ផ្អែកលើបទពិសោធន៍ការងារការទូតដ៏សម្បូរបែប ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងសម្រេចបានជោគជ័យក្នុងបេសកកម្មការងារការទូតនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានសំដែងការរីករាយពេញចិត្តចំពោះសកម្មភាពនានា ពិសេសការផ្លាស់ ប្តូរទស្សនកិច្ចជាច្រើន រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០១៧កន្លងមកនេះ ដែលជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សកម្មរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកាតំបន់ និងវេទិកាអន្តរជាតិនានា។
លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ជាមួយការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ក្រសួងការបរទេស ឯកឧត្តមនឹងខិតខំអស់ពីលទ្ធភាព ដើម្បីរួមចំណែកបន្ថែមទៀត ក្នុងការលើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកទេសរដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកអំពីការវិវឌ្ឍ និងការរីកចំរើន នៅក្នុងប្រទេសនីមួយៗ ហើយក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងបញ្ហាអន្តរជាតិមួយចំនួន ហើយនិងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរទាំង ក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕