មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រជុំបូក សរុប លទ្ឋផលការងារប្រចាំឆ្នាំ២០១៧ នឹងលើកទិសដៅអនុវត្តន៏បន្តឆ្នាំ២០១៨

27

មណ្ឌលគិរី៖ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ កុម្ភះ ២០១៨ មានរៀបចំកិច្ចប្រជុំបូក សរុប លទ្ឋផលការងារប្រចាំឆ្នាំ២០១៧ នឹងលើកទិសដៅអនុវត្តន៏បន្តឆ្នាំ២០១៨ ដោយមានការចូលរួមពី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នឹងមន្ត្រីជំនាញជុំវិញខេត្តជាច្រើនរូប។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា បច្ចុប្បន្នមន្ទីរបរិស្ថានខេត្តមានមន្ត្រីសរុប ចំនួន១៤៧រូប ក្របខណ្ឌមន្ត្រីរាជការ៣៣រូប ក្របខណ្ឌឧទ្យានុរក្ស ១០៤រូប មន្ត្រីជាប់កិច្ចសន្យា១០នាក់ ស្រី៥នាក់។មន្ទីរបរិស្ថានគ្រប់គ្រងលើដែនជម្រកសត្វព្រៃចំនួន៥ ក្នុងនោះរួមមាន ដែនជម្រកសត្វព្រៃកែវសីមា មានផ្ទៃដី២៩២ ៦៩០ ហិចតា ដែនជម្រកសត្វព្រៃភ្នំពេ្រច មានផ្ទៃដី២២២ ៥០០ ហិចតា ដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ មានផ្ទៃដី២១ ៩៣៣ ហិចតា ដែនជម្រកសត្វព្រៃស្រែពក មានផ្ទៃដី៣៧២ ៩៧១ ហិចតា ដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដី(ភូមិសាស្ត្រខេត្តមណ្ឌលគិរី)៤៨ ៣៧៤ ហិចតា។
ប្រធានមន្ទីរបរិស្ថានបានបន្តថានៅឆ្នាំ២០១៧កន្លងទៅនេះមន្ត្រីជំនាញចាប់ឃាត់ជនប្រព្រឹត្តបទល្មើសធនធាន ធម្មជាតិបានចំនួន៥០នាក់ ផលអនុផលធនធានធម្មជាតិ ឈើមូលចម្រុះ ៣៨០ម៉ែត្រគូប ឈើអារនឹង ឈើជ្រុងចម្រុះប្រភេទ៥៧ម៉ែត្រគូប មធ្យោបាយប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ៨៥៣គ្រឿង អន្ទាក់២៦៩២ខ្សែ ។ល។
រៀបចំសំនុំរឿងបទល្មើសធនធានធម្មជាតិ តាមនិតិវិធី សរុប១៤៥ករណី ក្នុងនោះរួមមាន៖ បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ត ចំនួន១០៦ករណី ពិន័យអន្តរកាលចំនួន៣៩ករណី ចុះទប់ស្កាត់ការកាប់រុនរានដី ព្រៃ ចំនួន៩កន្លែង ទំហំ៤៦ហិចតា សង្គ្រោះសត្វដំរី ចំនួ១១ក្បាល នឹងការងារជាច្រើនទៀត។
ក្នុងនោះសម្រាប់ទិសដៅបន្តឆ្នាំ២០១៨ មន្ទីរបរិស្ថានបានត្រៀមពង្រឹងការទប់ស្តាត់ នឹងបង្ក្រាបបទល្មើស ធនធានធម្មជាតិគ្រប់ប្រភេទបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់។បន្តចុះត្រួតពិនិត្យតាមបណ្តាសិប្បកម្មអាជីវកម្មដែលពុំទាន់បានចុះត្រួតពិនិត្យ។បន្តជម្រុញឲ្យអាជីវកម្មមកធ្វើកិច្ចសន្យាកិច្ចការពារបរិស្ថាន។ចុះស្រង់ព័ត៌មានអំពីប្រភពបំពុលបរិស្ថាន ផ្នែកសេវាកម្មប្រភពអាជីវកម្ម សត្តឃាតដ្ឋាន កន្លែងជុសជុលរថយន្តម៉ូតូ តាមបណ្តាលស្រុក ក្នុងខេត្តមណ្ឌលគិរី៕