អ្នកនាំពាក្យតុលាការថា ចៅក្រមស៊ើបសួរអាចចុះទៅដល់ទីកន្លែងឃុំខ្លួន កឹម សុខា និងប្រើប្រាស់វិធានការនានា ដែលកំណត់ដោយច្បាប់

ភ្នំពេញ៖ លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​បានថ្លែងនៅថ្ងៃនេះថា ចៅក្រមស៊ើបសួរអាចចុះទៅដល់ទីកន្លែង និងប្រើប្រាស់នូវវិធានការស្រាវជ្រាវនានា ដែលកំណត់ដោយក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងក្របខណ្ឌនៃការស៊ើបសួរទៅលើជនត្រូវចោទ​និងបុគ្គលដែលពាក់ពន្ធ័។
លោក លី សុផាណា លើកឡើងបែបនេះ បន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី គ្រោងនឹងសួរចម្លើយជនត្រូវចោទឈ្មោះ កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទាក់ទងបទសន្ទិដ្ឋិភាពជាមួយបរទេស នៅឯពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ។
តាមលិខិតកោះហៅមេធាវី ដើម្បីឲ្យចូលរួម បានបញ្ជាក់ថា សូមអញ្ជើញលោក សំ សុគង់ ជាមេធាវីការពារសិទ្ធិឲ្យជនត្រូវចោទឈ្មោះ កឹម សុខា ដែលមានការិយាល័យនៅសង្កាត់ទួលស្វាយព្រៃទី១ ទៅកាន់បន្ទប់សាកសួរនៃមណ្ឌលអប់រំកែប្រែទី៣ ”ម៣ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទីព្រឹក ដើម្បីចូលរួមក្នុងនីតិវិធីសួរចំលើយឈ្មោះ កឹម សុខា ពីដំណើរឿង សន្ទិដ្ឋិភាពជាមួយបរទេស។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រមាណ១២ និង៣៥ នាទីរំលងអាធ្រាត្រថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់​លោកស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីបែកធ្លាយវីដេអូមួយបង្ហាញថា លោក កឹម សុខា បានអនុវត្តតាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពីរាជរដ្ឋាភិបាល​កម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ហើយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចោទប្រកាន់លោក កឹម សុខា ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះប្រឈម​នឹងការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ តាមរយៈក្រុមមេធាវីចំនួន៥រូប បានយកពាក្យបណ្តឹងទៅដាក់នៅតុលាការកំពូល ដោយសំអាងទៅលើពាក្យបណ្តឹងរបស់​គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា និងភស្តុតាងជាច្រើន ហើយនៅក្នុងពាក្យបណ្តឹងរបស់​ក្រសួងមហាផ្ទៃ ដែលបានដាក់នៅតុលាការកំពូលនោះ មានកម្មវត្ថុប្តឹងរំលាយគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយនៃព្រះរាជាណាចក្រកម្ពុជា។

ពាក្យបណ្តឹងនេះ គឺផ្អែកលើភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថា គណបក្សសង្រ្គោះជាតិ បាននិងកំពុងអនុវត្តផែនការ ដោយឃុបឃិតគ្នា ជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំរដ្ឋអំណាច​ស្របច្បាប់​នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ ដូចគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ហើយបណ្តឹងនេះ បានយោងទៅលើវីដេអូឃ្លីប និងភស្តុតាងជាច្រើនទៀត។
ក្រោយពីទទួលបណ្តឹងសុំរំលាយគណបក្សនេះ តុលាការកំពូលបានបង្គាប់ឲ្យប្រធានគណបក្សសង្រ្គោះជាតិ ដាក់ឯកសារត្រៀម ដើម្បីឆ្លើយតប នឹងបណ្តឹងរំលាយគណបក្សនេះ ក្នុងអំឡុងពេល២០ថ្ងៃ ចាប់ពីថ្ងៃទទួលបានដីការបង្គាប់ ហើយមកដល់ពេលនេះ តុលាការបានកំណត់យកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបើកសសវនាការលើសំណុំរឿងក្តីរំលាយគណបក្សនេះ៕