កម្ពុជាប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៤ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧)

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ គឺជាខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧) ហើយដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្រ្តនេះ ត្រូវបាន គណៈកម្មការអចិន្ត្រៃយ៍​រៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រារព្ធយ៉ាងមហោឡារិកនៅវិមានឯករាជ្យ ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា ។
វត្តមានយាង និងអញ្ជើញចូលរួម ដង្ហែព្រះរាជវត្តមាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនាទិវាដ៏មហាថ្លៃថ្លានេះ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងរាជវង្សានុវង្ស លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឥស្សរជនសំខាន់ៗ ព្រមទាំងវត្តមានបណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញយ៉ាងច្រើនកុះករ។
ការប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងដើម្បីរលឹកពីស្នា​ព្រះហត្ថ របស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរនកោដ្ឋ ដែលព្រះអង្គទ្រង់បានលះបង់នូវព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យ​នៅក្នុងប្រទេសកម្ពុជា ឲ្យរួចចាកពីអាណានិគមនិយមបារាំង ដើម្បីមាតុភូមិនិងប្រជាពលរដ្ឋខ្មែរគ្រប់រូប។
គួរបញ្ជាក់ថា ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យពេញលេញនៅថ្ងៃទី៩ ខែ វិច្ឆិកាឆ្នាំ១៩៥៣គឺអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ថាបនា និងអភិវឌ្ឍកម្ពុជាឥតឈប់ឈរ ធ្វើឱ្យប្រទេសជាតិ រីកចម្រើនលើគ្រប់វិស័យ។

នៅពេលនោះ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាប្រទេសដែលមានឥទ្ធិពលមួយនៅអាស៊ី ដែលប្រជារាស្ត្ររស់នៅដោយសុខសាន្ត បំផុតក្រោមការដឹកនាំរបស់ព្រះអង្គ ប៉ុន្តែជាអកុសល នៅថ្ងៃទី១៨មីនាឆ្នាំ១៩៧០ លន់ណុល បានធ្វើរដ្ឋប្រហារ ផ្តួលរំលំអតីតប្រមុខរដ្ឋ ហើយបន្ទាប់មកបាន​នាំកម្ពុជាទាំងមូលឱ្យធ្លាក់ចូលទៅក្នុងរណ្តៅវាលពិឃាតតែម្តង។ នោះហើយគឺជាមេរៀន​គំរូស្រាប់ដែលបាន​សន្សល់ទុកនូវសោកនាដកម្ម ជាលទ្ធផលនៃការផ្លាស់ប្តូរ ទម្លាក់ប្រមុខដឹកនាំតាម​ការផ្តួលរំលំដើម្បីអំ​ណាច។
យោងប្រវត្តិ នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជា បានឱ្យដឹងថា នៅក្នុងព្រះរាជបេសកកម្ម​ដើម្បីឯករាជ្យជាតិនេះ តាមសន្ធិសញ្ញាចុះថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ១៩៤៩ បារាំងបានទទួលស្គាល់​តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា ។

ជាគោលការណ៍តាមផ្លូវច្បាប់នេះ យើងបានទទួលមែន ប៉ុន្តែចំពោះការអនុវត្តជាក់ស្តែង ឯករាជ្យនេះគឺ​នៅខ្វះវិស័យ​ជា​ច្រើនទៀត ដូចជាអធិបតេយ្យ ខាងយុត្តិធម៌ ប៉ូលីស អំណាចបញ្ជាការយោធា ការទូត ការប្តូរ និងការឲ្យចាយធនប័ត្រ ដើម្បីឲ្យមានឯករាជ្យទាំងស្រុង។
តាមរយៈការខិតខំរបស់ព្រះអង្គជាបន្តបន្ទាប់ អធិបតេយ្យទាំងមូលលើផ្នែកការទូត ត្រូវបានធ្វើឡើងតាមរយៈ​ការប្តូរលិខិត រវាងរដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលកម្ពុជា។ក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លារបស់ព្រះអង្គជាបន្តបន្ទាប់ ទាំងក្នុងប្រទេសនិងក្រៅប្រទេសធ្វើចលនាតស៊ូដើម្បី​ទាក់ទាញពិភពលោក ឲ្យមានការចាប់អារម្មណ៍គាំទ្រកម្ពុជានិងការយាងទៅគង់នៅតំបន់ស្វ័យតមួយ ដូចជានៅខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ ហើយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះករុណា ព្រះបាទសម្តេចព្រះវររាជបិតាជាតិខ្មែរព្រះមហាវីរក្សត្រ ព្រះអង្គបានយាងចូលមកក្នុងរាជធានីភ្នំពេញវិញ។ ប្រជារាស្ត្រខ្មែរ ក្នុងក្តីរំជួលចិត្ត បានធ្វើឲ្យព្រះអង្គទទួលបាននូវជោគជ័យមួយដែលមិនធ្លាប់មានពីមុនមក។
នៅថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣ គឺ៨ខែមុនសន្និសីទក្រុងហ្សឺណែវ គឺមានធ្វើពិធីមួយនៅមុខព្រះបរមរាជវាំង ដែលឧទ្ទិសចំពោះការដកថយ នៃអំណាចរបស់បារាំង ពីប្រទេសកម្ពុជា ពេលនោះ លោក ឡង់ ក្លាត បានប្រគល់យ៉ាងមហោឡារិកនូវអំណាចបញ្ជាការរបស់ខ្លួនថ្វាយព្រះរាជា។ កងទ័ព និងអគ្គសេនាធិការ​របស់បារាំង បានដកថយពីព្រះរាជាណាចក្រកម្ពុជា។ ឯករាជ្យរបស់ខ្មែរ បានក្លាយទៅជាឯករាជ្យអចិន្ត្រៃយ៍​និងទាំងស្រុង។ វិបត្តិរវាង បារាំង និងខ្មែរ ត្រូវបានបញ្ចប់។ ពពកខ្មៅចុងក្រោយ ដែលបិទបាំងមិត្តភាពខ្មែរ បារាំង បានរលាយសាបសូន្យទាំងស្រុង បន្ទាប់ពីការទទួលស្គាល់ទាំងស្រុងពីប្រទេសបារាំងនៅខែធ្នូឆ្នាំ១៩៥៤ លើអធិបតេយ្យទាំងមូលរបស់កម្ពុជា លើវិស័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕