រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានមកទស្សនាកម្សាន្តក្នុងខេត្តមណ្ឌលគិរីយ៉ាងច្រើនកុះករ

មណ្ឌលគិរី៖ខណៈដែលកម្ពុជាបានប្រារព្ធពិធីបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ រយៈពេលបីថ្ងៃនៅ រាជធានីភ្នំពេញនោះ គេសង្កេតឃើញថា ភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិបាន ធ្វើដំណើរ ទៅចូលរួម ព្រមទាំងទស្សនាការប្រណាំងទូក មុខព្រះបរមរាជវាំង រាប់សែននាក់បង្ករឲ្យមានការកក ស្ទះគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញខេត្តភាគឥសាន្តកម្ពុជាដែលមានចម្ងាយឆ្ងាយពីរាជធានីភ្នំពេញ និងពុំមានការប្រណាំងទូកផងនោះ ក៏ទទួលនូវការកកស្ទះផងដែរពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលសម្រុកនាំ គ្នាមកលេង ចាប់ពីតាំងពីថ្ងៃទី២ ទី៣ និងទី៤ ខែវិច្ឆិការ ធ្វើឲ្យបណ្តាសណ្ឋាគារ ផ្ទះសំណាក់ជាច្រើន មិនអាចបង្គ្រប់នូវតម្រូវការភ្ញៀវបាន។ខេត្តភាគឥសាន្តនេះ គឺខេត្តមណ្ឌលគិរី ដែលមានសម្បត្តិធម្ម ជាតិសម្បូរបែបនោះ បានទាញយកការចាប់អារម្មណ៍នាពិធីបុណ្យអ៊ុំទូកពីសំណាក់ ភ្ញៀវនាវេលាឈប់ សម្រាករយៈពេលបីថ្ងៃនៃពិធីបុណ្យ។

ខេត្តមណ្ឌលគិរី ដែលមានកន្លែងកម្សាន្តច្រើនត្រូវបានគេសង្កេតឃើញថា ភ្ញៀវដែលមកលេង គឺចាប់អារម្មណ៍ទៅលើវាលស្មៅ ចម្ការស្រល់ ទឹកជ្រោះ សមុទ្រឈើ និងភ្នំដោះក្រមុំជាដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីថ្លែងនៅថ្ងៃបញ្ចប់ពិធីបុណ្យនេះថា ភ្ញៀវទេសចរណ៍ បានកើនឡើងប្រមាណ២២,៨៣% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។លោកថា រយៈ ពេលនៃពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ គិតចាប់ពីថ្ងៃទី០២,០៣,០៤ខែវិច្ឆិការនោះ ភ្ញៀវមកលេង សរុបចំនួន ១៣៧៧២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន២៩៦នាក់។

ក្នុងនោះដែរការផ្គត់ផ្គង់ទៅលើកន្លែងស្នាក់នៅដល់ភ្ញៀវដែលមានបន្ទប់ស្នាក់ទាំងសណ្ឋាគារនិងផ្ទះសំណាក់ប្រមាណ១០៩០បន្ទប់ត្រូវពេញទាំងអស់ ដែលតម្រូវឲ្យភ្ញៀវមួយចំនួនធំត្រូវ សំរាកតាម វត្តអារាម ផ្ទះប្រជាពលរដ្ឋនិងមួយចំនួនគឺបោះតង់ស្នាក់នៅ។ប្រធានមន្ទីរដដែលបញ្ជាក់ថា ដោយសារតែ ខេត្តមានខ្យល់បក់ខ្លាំង នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រានោះ បានបង្ករឲ្យភ្ញៀវទេសចរណ៍ជាតិម្នាក់រង របួសស្រាល។

ចំពោះបញ្ហាអសន្តិសុខនិងករណីគ្រោះថ្នាក់ចរាចរណ៍នាវេលាបីថ្ងៃនេះ នៅមិនទាន់មានការ បញ្ជាក់ណាមួយពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនៅឡើយនៅថ្ងៃទី០៥ខែវិច្ឆិការនេះ៕