ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសជួយអន្តរាគមន៏ពលរដ្ឋខ្មែរចំនួន២១នាក់ បានត្រឡប់មកមាតុប្រទេសវិញ

ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យ ដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ស្ថានតំណាងកម្ពុជាប្រចាំបរទេស ដែលរួមមាន ប្រទេសម៉ាឡេស៊ី, ទីក្រុងហូជីមិញ និងប្រទេសសិង្ហបូរី បានជួយអន្តរាគមន៏ពលការិនីខ្មែរចំនួន២១នាក់ បានត្រឡប់មកកម្ពុជាវិញ។
តាមលោក ជុំ សុន្ទរី ករណីទី១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន១១នាក់ រួមមាន ១, ពលការិនី រិន ស្រីល័ក្ខ អាយុ២០ឆ្នាំ មកពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ នៅថ្ងៃទី១២ ខែតុលា ពលការិនីបានស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ដោយសារមានជំងឺ។ ភ្នាក់ងារក្រុមហ៊ុនបានប្រគល់ថ្លៃសំបុត្រយន្តហោះ និងថ្លៃបង់ពិន័យជូនពលការិនី តាមសំណើរបស់ស្ថានទូត។
២, ពលការិនី គ្រងម៉េង អាំង អាយុ២៩ឆ្នាំ មកពីស្រុកកោះធំ ខេត្តកណ្តាល បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៥។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ពលការិនីបានទៅស្ថានទូតស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ពីព្រោះនាងពុំមានលិខិតឆ្លងដែន។
៣, ពលការិនី ងួន ស្រីនាថ អាយុ២១ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃដោយខ្លួនឯង ទៅធ្វើការនៅអាហារដ្ឋានមួយនៅម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៧។
៤, ពលការិនី ពៅ សាវឿន អាយុ៤០ឆ្នាំ មកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃដោយខុសច្បាប់ ទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ពីខែសីហា ឆ្នាំ២០១៥។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ពលការិនីបានមកស្ថានទូត ស្នើសុំជួយទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ដោយសារបញ្ហាសុខភាព។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានប្រគល់ប្រាក់ខែដែលនៅខ្វះ និងសំបុត្រយន្តហោះជូននាង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ។
៥, ពលករ សួន ណាំ អាយុ ១៩ឆ្នាំ ៦, ពលករ រី ឈុនឡេង អាយុ ២៣ឆ្នាំ ៧, ពលការិនី ឆីវ ឆរី អាយុ ២២ឆ្នាំ ៨, ពលការិនី សួន ម៉ៅ អាយុ ២១ឆ្នាំ ៩, ពលការិនី សួន ណូ អាយុ ៣៧ឆ្នាំ ១០, ពលការិនី ឈីវ ការ៉េ អាយុ ១៧ឆ្នាំ ពលករ-ពលការិនីទាំង៦នាក់ (លេខរៀងទី៥-១០) មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃទៅធ្វើការនៅរោងចក្រប្លាស្ទិក ក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។
១១, ពលករ ប៊ុន អេនឌី អាយុ១៧ឆ្នាំ មកពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃទៅម៉ាឡេស៊ីដោយខ្លួនឯង និងធ្វើការនៅរោងចក្រកាត់ដេរ នៅក្នុងរដ្ឋ Johor កាលពីខែឧសភា ឆ្នាំ២០១៦។
ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលករ-ពលការិនីទាំង១១នាក់នេះ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមកាលបរិច្ឆេទខុសគ្នា គឺពលការិនី២នាក់ (លេខរៀងទី១និងទី២) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៧ និង៣៥នាទីព្រឹក តាមជើងយន្តហោះ AK536 ។ ពលការិនី ងួន ស្រីនាថ (លេខរៀងទី៣) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៧ និង៣៥នាទីព្រឹក តាមជើងយន្តហោះ AK536។ ពលករ៨នាក់ទៀត (លេខរៀងទី៤-១១) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៥៥ នាទីរសៀល តាមជើងយន្តហោះ AK538 ។
ករណីទី២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបូរី បានអន្តរាគមជួយពលការិនីខ្មែរម្នាក់ឈ្មោះ សេង សំណាង អាយុ២៧ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ដែលបានទៅបម្រើការងារតាមផ្ទះនៅសិង្ហបូរី កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយសារពលការិនីមានសុខភាពខ្សោយ មិនអាចបំពេញការងារបន្ត នាងបានស្នើស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានទិញសំបុត្រយន្តហោះ ហើយភ្នាក់ងារនាំពលករបានប្រគល់លិខិតឆ្លងដែនជូន ពលការិនីវិញ។ ពលការិនី បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៤:៤០នាទី តាមជើងយន្តហោះJetstar 3K593។
ករណីទី៣. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៩នាក់ ដែលចូលទៅប្រកបរបរលក់ឆ្នោតនៅប្រទេសវៀតណាម។ ពលរដ្ឋទាំង៩នាក់ មានអាយុចន្លោះពី១ឆ្នាំដល់៤០ឆ្នាំ (ក្នុងនោះ កុមារមានចំនួន៧នាក់) មកពីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយត្រូវបានអាជ្ញាធរវៀតណាមរៀបចំអោយស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគាំពារសង្គមទីក្រុងហូជីមិញ មុនពេលបញ្ជូនមកស្ថានអគ្គកុងស៊ុលកម្ពុជា។
ស្ថានអគ្គកុងស៊ុល នឹងជូនពលរដ្ឋទាំង៩នាក់ មកកម្ពុជាវិញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត៕