ទីក្រុងភ្នំពេញសម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បានតុបតែងលំអរយ៉ាងស្អាតប្រណិត ធ្វើឡើងស្ទើរួចរាល់១០០ភាគរយហើយ

ភ្នំពេញ៖ ទីក្រុងភ្នំពេញសម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បានតុបតែងលំអរយ៉ាងស្អាតប្រណិត ធ្វើឡើងស្ទើរួចរាល់១០០ភាគរយហើយ ដោយចាប់ផ្តើមកាលពីថ្ងៃទី១៨តុលា ហើយគ្រោងបញ្ចប់​នៅថ្ងៃទី២៩តុលា ដើម្បីបង្កសប្បាយភាពជូនប្រជាពលរដ្ឋចាប់ពី ថ្ងៃទី២ ទី៣ និងទី៤ខែវិច្ឆិកាខាងមុខនេះ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌ មាននៅ​ថ្ងៃទី២៦​ខែតុលា​ឆ្នាំ២០១៧នេះ ថា ការតុបតែងសម្រាប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែ ដែលនឹងចូលមកដល់នាថ្ងៃទី២ ទី៣ និងទី៤ខែវិច្ឆិកាខាងមុខនេះ គឺមន្ទីរសាធារណការ បានធ្វើការតុបតែង​លម្អភ្លើងពណ៌តាមដើមឈើ ចំនួន៩ទីតាំង ហើយការងារនេះយើងបានចាប់ផ្តើមធ្វើតាំងពី​ថ្ងៃទី១៨ខែតុលា​មកម្ល៉េះ នឹងគ្រោងបញ្ចប់នៅថ្ងៃទី២៩ខែតុលាខាងមុខ ដូចជានៅទីតាំងវិមានឯករាជ្យ មហាវិថីព្រះនរោត្តម សួនច្បារមាត់ទន្លេ សួនច្បារជ្រោយចង្វាត្រើយខាងកើត សួនច្បារមុខអតីតស្ថានីយ៍ប៉ុស្តិ៍លេខ៣ សួនច្បារវិមានសន្តិភាព សួនច្បារដេអិន សួនច្បារបទុមវតី និងសួនច្បារព្រះនាងប្រាជ្ញាបារមី។

ក្នុងនោះក៏មានការរៀបចំរបាដើម្បីអបអរព្រះរាជពិធីបុណ្យចំនួន ៤ទីតាំង គឺនៅមហាវិថីព្រះនរោត្តមខាងជើង​វិមានឯករាជ្យ មហាវិថីព្រះនរោត្តមមុខនាឡិកាវត្តភ្នំ តិរវិថីព្រះស៊ីសុវត្ថិមុខព្រះគម្លង់ និងមុខរង្វង់មូលក្រមង៉ុយ។
លោកបានបន្ថែមថា ក្នុងការសម្អាតបរិស្ថានអនាម័យក្នុងព្រះរាជពិធីនេះ បានដាក់កម្លាំងសម្អាតចំនួន៣០២នាក់ ដែលចាប់ផ្តើមពីម៉ោង១១យប់រហូតដល់ម៉ោង៣ទៀតភ្លឺជារៀងរាល់ថ្ងៃនេះព្រះរាជពិធីបុណ្យ សម្រាប់លើទីតាំងកម្សាន្ត ចំណែកខាងក្រុមហ៊ុនស៊ីនទ្រីក៏មានកម្លាំងផ្សេងទៀតផងដែរ ។ ចំណែកបង្គន់អនាម័យមាន​ចំនួន៤៦៦បង្គន់ត្រូវបានដាក់លើទីតាំងចំនួន២៦ ក្នុងនោះមានបង្គន់ថ្មមានស្រាប់​មាន១៣១បន្ទប់ ចំនួន១២កន្លែង បង្គន់ចល័ត៣៥បន្ទប់ ចំនួន១៣កន្លែង និងកន្លែងស្នាក់នៅរបស់កីឡាករទូក ចំនួន២៥០កន្លែងថែមទៀតនៅជ្រោយចង្វា បន្ទប់ងួតទឹកចំនួន១២០ មានរោងសម្រាប់កីឡាករអុំទូកស្នាក់​នៅដែលមានដាក់ភ្លើងបំភ្លឺក្នុងរោង និងមានដាក់ព្រីភ្លើងសម្រាប់បងប្អូនសាកថ្មទូរស័ព្ទ ។ ដោយឡែករដ្ឋាករទឹក និងអគ្គិសនី តាមបណ្តាទុយោទឹក និងបណ្តាញភ្លើងដល់កន្លែងស្នាក់នៅរបស់កីឡាករទូករួចរាល់ហើយ ។ ក្រុមការងារ ក៏បានធ្វើការសម្អាត និងធ្វើអនាម័យតាមច្រាំងទន្លេ កាត់ស្មៅ និងលាបកំបោរតាមគល់ដើមឈើ តាមខៀនផ្លូវសហព័ន្ធរុស្ស៊ី មុខគណៈរដ្ឋមន្រ្តី ផ្លូវនរោត្តម ផ្លូវក្រមួនស ផ្លូវព្រះសុរ៉ាម្រឹត ផ្លូវព្រះសីហនុ ផ្លូវសុធារស ផ្លូវព្រះស៊ីសុវត្ថិជាដើម៕
អត្ថបទ វុន សុខជា